តើការដោតឆ្នាំងសាក ជាប់ព្រីភ្លើងចោលមិនប្រើ ប៉ះពាល់អីខ្លះ?
ការសាកបញ្ចូលថាមពលដល់ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃ (Laptop) ស្ទើរកើតឡើងជារៀងរាល់ថ្ងៃ។ អ្វីកត់សម្គាល់ អ្នកខ្លះធ្លាប់ដោតឆ្នាំងសាកចោលជាប់ព្រីភ្លើង ទោះបីមិនបានសាកអ្វីក៏ដោយ។ តើវាអាចប៉ះពាល់ដល់ដុំឆ្នាំងសាកដែរឬទេ?
ការដោតឆ្នាំងសាកស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃ ចោលជាប់ព្រីភ្លើង គឺមិនមានផលអវិជ្ជមានដូចជាខូចឆ្នាំងសាក ឬឆ្លងភ្លើងអ្វីនោះទេ ព្រោះឆ្នាំងសាកគ្រាន់ជាស្ពានសម្រាប់ចម្លង និងបម្លែងចរន្តអគ្គិសនីទៅកាន់ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ឆ្នាំងសាកកុំព្យូទ័រយួរដៃមួយចំនួនដែលមានអំពូល គឺអាចស៊ីថាមពលខ្លះ នៅរាល់ពេលដែលដោតជាមួយព្រីដែលមានភ្លើង តែស៊ីក្នុងកម្រិតតិចតួចបំផុតដើម្បីបំភ្លឺអំពូល។
ដោយឡែក ទោះជាមិនមានបញ្ហាសម្រាប់ការដោតជាប់ព្រីភ្លើងចោលពេលមិនប្រើចំពោះឆ្នាំងសាកស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃ ក៏ប្រិយមិត្តមិនគួរធ្វើនោះទេ គឺដើម្បីប្រាកដពីសុវត្ថិភាព ១០០% ព្រោះហានិភ័យលើគ្រឿងអេឡិចត្រូនិកច្រើនកើតមានពេលតង់ស្យុងភ្លើងរត់មិនស្មើ ដែលអាចបុកឆ្លងបន្ទះសៀគ្វីរបស់ឆ្នាំងសាក៕
ប្រភព៖ Sabay
Comments
Post a Comment