តើអ្នកស្គាល់ និងធ្លាប់បានលេង ល្បែងលោតអន្ទាក់ដែរឬទេ?

ល្បែងលោតអន្ទាក់ ជាល្បែងសម្រាប់កុមារាកុមារី ជំទង់ៗលេងក្នុងវេលាយប់ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរខ្លះ តាមដែលគេស្ម័គ្រ។ បានជាគេហៅថា «ល្បែងលោតអន្ទាក់» ព្រោះល្បែងនេះមានមនុស្សមួយពួកអង្គុយច្រហោងដំកង់ ចាប់ចុងដៃគ្នា ជាអន្ទាក់ដៃ ចាំស្ទាក់អ្នកលោតកុំឲ្យលោតចូលបាន, មួយពួកទៀត ឈរជុំវិញចាំលោតរំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ។ របៀបលេង ល្បែងនេះ គេចែកពួកអ្នកលេងជា២ចំនួនស្មើគ្នា គឺចាប់តាំងពី ៥ ឬ ៦ នាក់ម្ខាងឡើងទៅ។

សកម្មភាពរបស់អ្នកលេង ដូចក្នុងរូបភាពនេះ ៖

ពួកទី១ អង្គុយច្រហោងដំកង់គ្នាជាវង់ ឃ្លាតពីគ្នាល្មមលាតឬកាង ដៃទាំងពីរខាងបាន​ ហើយចាប់ចុងដៃគ្នានិងគ្នា មើលទៅឃើញភាពដូចជាអន្ទាក់។

ពួកទី២ ឈរជុំវិញចាំ លបឆ្មក់ហក់លោតចូលក្នុងអន្ទាក់ដៃរបស់ពួកទី១។

ពេលលេង ពួកទាំង២នេះសុទ្ធតែប្រុងប្រយ័ត្នរៀងៗខ្លួន គឺមុននឹងលោតចូលពួកអ្នកឈរគេធ្វើរ៉ែរ៉ៗជុំវិញពួកអង្គុយ ឲ្យពួកអ្នក អង្គុយភ្លេចខ្លួន ឬពួកអ្នកលោតគេចាត់ឲ្យពួកគេខ្លះទៅពួននៅឆ្ងាយ ហើយឲ្យលួចរត់ពីចម្ងាយមកលោតចូលតែម្ដងក៏មាន។ ចំណែកខាងពួក អ្នកអង្គុយធ្វើអន្ទាក់ក៏ប្រុងប្រយ័ត្នដែរ ដើម្បីកុំឲ្យពួកអ្នកលោត​លោត​ផ្លោះចូលមកក្នុងរង្វង់បាន។ ឯពួកអ្នកអង្គុយគេលើកដៃឡើង ដោយប្រញាប់ជាបន្ទាន់ ដើម្បីកុំឲ្យគេលោតចូលបាន ឬដើម្បីលើកដៃគះប៉ះជើងអ្នកលោតបានហើយ គេទុកអ្នកលោតជាចាញ់ អ្នកធ្វើអន្ទាក់ជាឈ្នះ ហើយអ្នកឈ្នះក្រោកឈរឡើងចាំ លោតឲ្យអ្នកចាញ់ទៅអង្គុយធ្វើអន្ទាក់វិញ។ ឯពួកអ្នកលោតនោះបើមានអ្នកណាម្នាក់ លោតចូលបានដោយស្រួលគេឲ្យគ្នាគេទាំងអស់ចូលតាមទៅក្នុងវង់អន្ទាក់នោះ ហើយពួកអ្នកលោតចូលបាននោះគេនាំគ្នា លោតចេញវិញ គឺអ្នកលោតចូលបាននោះ គេឈរគ្រប់គ្នាគាបជើងលើ អន្ទាក់ដៃអ្នកអង្គុយគ្រប់គ្នា ទុកជើងម្ខាងនៅក្នុងជើងម្ខាងនៅក្រៅអន្ទាក់ដៃនោះ។ បើក្នុងបណ្ដា ពួកអ្នកលោតនោះ មានអ្នកណាម្នាក់ លោតចេញដោយស្រួលបានមិនប៉ះដៃអ្នកអង្គុយគេនាំគ្នាចេញតាមទាំងអស់។ តែការចេញនិងចូលបាននោះត្រូវចេញ ឬចូលឲ្យចំច្រកដែល លោតរំលងបាននោះ បើខុសច្រកនោះគេទុកជាចាញ់។ ហើយការលោត ចូល ឬលោតចេញនោះ ត្រូវតែលោតម្ដងម្នាក់ បើជួនជាស្របពីរនាក់ដំណាលគ្នា ក៏គេទុកជាចាញ់ដែរ។ គេចេះតែផ្លាស់ប្ដូរគ្នាលេងតាមរបៀបនេះរៀងទៅដរាបដល់ពេលយប់។

ល្បែងនេះ ជាល្បែងកម្សាន្តមួយប្រភេទ ដែលចាត់ចូលក្នុងកីឡាហាត់ប្រាណ គឺហាត់កាយឲ្យមានសុខភាព មានកម្លាំងកាយរឹងប៉ឹង ហាត់ភ្នែកឲ្យវៃ ហាត់ស្មារតីឲ្យចេះប្រុងប្រយ័ត្ន ចេះប្រើគំនិតឲ្យវាងវៃ កុំឲ្យអ្នកដទៃបំភ័ន្តបាន៕

Comments

Popular posts from this blog

ល្បែងប្រជាប្រិយ ក្នុងរដូវចូលឆ្នាំខ្មែរ

អាថ៌កំបាំងទាំង ១០ ក្នុងការថតរូប iPhone ដ៏អស្ចារ្យ នៃស្ថាបត្យកម្ម